បុរស​ម្នាក់​ស្លាប់​ក្នុង​អំពើ​មនុស្ស​ឃាត​នៅ​ស្រុក​ស្វាយអន្ទរ​ខេត្ត​ព្រៃវែង

បុរស​នៅ​ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង ម្នាក់ ត្រូវ​ជន​សង្ស័យ​ព្រួត​វាយ​សម្លាប់​ក្នុង​ទំនាស់​ឌឺដង​ពាក្យ​សម្ដី​ដាក់​គ្នា បន្ទាប់​ពី​ចូល​រួម​ផឹក​ស៊ី​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​កូន​អ្នក​ភូមិ​ក្បែរ​ខាង នៅ​រសៀល​ថ្ងៃ​ទី​២១ តុលា។ ប៉ូលិស​អះអាង​ថា ជន​រងគ្រោះ​ស្លាប់​ដោយ​ការ​វាយ​នឹង​ព្រនង់​ដំបង​ត្បូង​ចប បែក​ធ្លុះ​គុម្ព​ត្រចៀក​ខាង​ឆ្វេង បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ។

0:00 / 0:00

បន្ទាប់​ពី​ការ​ស៊ើប​អង្កេត សមត្ថកិច្ច​ប៉ូលិស​ស្រុក​ស្វាយអន្ទរ បាន​សន្និដ្ឋាន​ថា ជន​សង្ស័យ​មាន​គ្នា​ប្រមាណ ៣​នាក់ ប្រើ​ដំបង​វាយ​សំពង​ទៅ​លើ​ជន​រងគ្រោះ បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង។

ជន​រងគ្រោះ​ឈ្មោះ លោក សំ ខន អាយុ ៤៧​ឆ្នាំ រស់​នៅ​ភូមិ​មេនងក្រោម ឃុំ​ជ្រៃ ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង។

អធិការ​ស្រុក​ស្វាយអន្ទរ លោក ទុំ សាន់មុនី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ តុលា ថា គូភាគី​ទាំង​សង​ខាង បន្ទាប់​ពី​ត្រឡប់​ពី​ការ​ចូល​រួម​ឆ្លង​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​រួច​មក អ្នក​ទាំង​ពីរ​មាន​អាការៈ​ស្រវឹង​ស្រឿង បាន​ឈ្លោះ​ប្រកែក​បោះ​សម្ដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​តែ​ម្ដង។

លោក​ថា ជន​សង្ស័យ និង​ជន​រងគ្រោះ​ជាប់​សែស្រឡាយ​សាច់​ញាតិ​នឹង​គ្នា ក្នុង​លក្ខណៈ​ជា​មា និង​ក្មួយ។ អាជ្ញាធរ​ប៉ូលិស បាន​ឃាត់​ជន​សង្ស័យ​ចំនួន ២​រូប ដើម្បី​ធ្វើ​ការ​សាកសួរ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។ ជន​សង្ស័យ​ទាំង ២​រូប​នោះ រួម​មាន ទី​១ លោក ខេង សុខា និង​ជន​សង្ស័យ​ម្នាក់​ទៀត​ឈ្មោះ លោក កៅ សក។ អ្នក​ទាំង​២ មាន​ទី​លំនៅ​ក្បែរ​ខាង​គ្នា​នឹង​ជន​រងគ្រោះ នៅ​ភូមិ​មេនងក្រោម ឃុំ​ជ្រៃ ស្រុក​ស្វាយអន្ទរ។ ចំពោះ​ជន​សង្ស័យ​ម្នាក់​ទៀត ត្រូវ​បាន​រត់​គេច​ខ្លួន​នៅ​យប់​ថ្ងៃ​កើត​ហេតុ។ ប៉ូលិស​អះអាង​ថា ជន​សង្ស័យ ២​រូប ដែល​ប៉ូលិស​ឃាត់​ខ្លួន ជា​មុខ​សញ្ញា​ជន​ដៃ​ដល់ ស្ថិត​នៅ​ក្នុង​ហេតុការណ៍។

រីឯ​សាក្សី​ស្ថិត​នៅ​ក្នុង​ហេតុការណ៍ លោក កែន វៃ ឲ្យ​ដឹង​ថា ជន​សង្ស័យ ២​រូប ដែល​អាជ្ញាធរ​ប៉ូលិស​បាន​ឃាត់​ខ្លួន​នោះ ពុំ​មែន​ជន​ដៃ​ដល់​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ឡើយ។

លោក​ថា ឃាតក​ដៃ​ដល់​ពិត​ប្រាកដ​នោះ ពួក​គេ​បាន​រត់​គេច​បាត់​ស្រមោល​តាំង​ពី​យប់​ថ្ងៃ​កើត​ហេតុ​មក​ម្ល៉េះ។

ជន​រងគ្រោះ​ត្រូវ​ឃាតក​វាយ​នឹង​ព្រនង់​សម្លាប់​នៅ​យប់​ថ្ងៃ​ទី​២១ តុលា ក្នុង​ដំណើរ​ត្រឡប់​ពី​ចូល​រួម​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​សាច់​ញាតិ​ផ្ទះ​ក្បែរ​ខាង។ អ្នក​ភូមិ​អះអាង​ថា ជន​រងគ្រោះ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សំខាន់​នៅ​ភូមិ​មេនងក្រោម ឃុំ​ជ្រៃ។ ចំណែក​ឯ​ជន​សង្ស័យ​ជា​ក្រុម​បក្ខពួក​របស់​សកម្មជន​គណបក្ស​កាន់​អំណាច​នៅ​ភូមិ​ជាមួយ​ជន​រងគ្រោះ។ អ្នក​ភូមិ​ថា លោក យ៉េន ចាន់អេង ហៅ ញ៉ាញ និង​លោក ខេង សុគុណ ហៅ លក ជា​ជន​សង្ស័យ​បង្ក​បញ្ហា​សម្លាប់​ជន​រងគ្រោះ។ ភរិយា​ជន​រងគ្រោះ ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ប៉ូលិស និង​មន្ត្រី​ដែល​មាន​ការ​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ស៊ើប​អង្កេត​តាម​ចាប់​ឃាតក​ពិត​ប្រាកដ មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ឆាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។